ភ្នំពេញ ៖ ផ្ដើមពីជម្លោះក្នុងគ្រួសារ ( ប្រចណ្ឌ) ប្ដីបានដាច់ចិត្ត គិតខ្លី បាញ់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ បង្កការភ្ញាក់ផ្អើល នៅវេលា ម៉ោង៧យប់ ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយ ធនាគារអិនហ្សិតរ៉ូយ៉ាល់តាមបណ្តោយផ្លូវ៥៣BT ក្នុងក្រុម៣ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺផ្តើមឡើងដោយភ្លើងប្រចណ្ឌ ជនបង្កជាប្តីមានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៣៩ មានតួនាទីអនុប្រធានការិយាល័យ នាយកដ្ឋានអង្គរក្ស បានប្រើប្រាស់កាំភ្លើង ម៉ាកK59 បាញ់ទៅលើ ប្រពន្ធឈ្មោះ កែវ ស្រីដា អាយុ៥៣ឆ្នាំស្នាក់នៅផ្ទះជួល ជាន់លើជាន់ទី១ ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ទី២ខណ្ឌមានជ័យ ជាមួយគ្នា ។
តាមសម្តីសាច់ញាតិ បានប្រាប់ឲ្យដឹងថា គ្រួសារមួយនេះតែងតែឈ្លោះគ្នា ស្ទើររៀងរាល់ថ្ងៃ ដោយសារប្រពន្ធប្រចណ្ឌប្តី។ ដោយប្តីបាន បាញ់សម្លាប់ប្រពន្ធចំនួន២គ្រាប់ ហើយក៏បាញ់សម្លាប់ខ្លួនឯង ចំក្បាលចំនួន១គ្រាប់ ស្លាប់តាមក្រោយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅ កោសល្យវិច័យ ដោយបានបញ្ជាក់ថា ពិតជាករណី ប្ដីបាញ់សម្លាប់ប្រពន្ធ រួចប្ដីបាញ់ខ្លួនឯង តាមក្រោយ ពិតប្រាកដមែន ៕