កំពង់ឆ្នាំង៖ យុវជនម្នាក់បានយកកាំបិតកាប់ក្បាលម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យរង របួសយ៉ាងដំណំ ហេតុការណ៌នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប៉ូលីសបានឲ្យដឹងថា ជនសង្ស័យដែលប្រើអំពើហឹង្សាទៅលើម្តាយបង្កើតរបស់ខ្លួននេះឈ្មោះឃឹម ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ ។ រីឯជនរងគ្រោះជាម្តាយឈ្មោះជូ សុភ័ណ្ឌ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
ស្ត្រីរងគ្រោះបានរងរបួសចំនួន៣កន្លែងគឺថ្ពាល់ស្តាំមួយកន្លែង លើចញ្ចើមមួយកន្លែង និង ត្រូវចំក្បាលមួយកន្លែង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១៥និង១៥នាទីរសៀល ថ្ងៃដដែល និង បានកសាងសំនុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕