ភ្នំពេញ ៖ យោងតាមច្បាប់ការងារ និងប្រកាសរបស់ក្រសួង ស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២០ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ក្នុងដែនអនុវត្តច្បាប់ស្ដីពីការងារ អនុញ្ញាតឱ្យកម្មករនយោជិតរបស់ខ្លួន ឈប់សម្រាក ដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៦~១៧និង១៨ ខែកញ្ញា ឆ្នាំ២០២០ ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលមានកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយ នាំឱ្យខូចប្រយោជន៍ដល់សាធារណៈជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំ បែងចែកឱ្យកម្មករនយោជិតបានឈប់សម្រាក ទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្ដូរគ្នា ។ សេចក្ដីលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខាងក្រោម ៕