ភ្នំពេញ ៖ ដោយក្តីអាណិតអាសូរយ៉ាងពន់ពេក នៅថ្ងៃសុក្រ ទី ២៨ ខែសីហា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខជាមួយ លោក អ៊ុង ឃៀន អាយុ ៤១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់យុវជន វ៉ន ខាវ អាយុ ១៩ឆ្នាំ ដែលបានទទួលរងគ្រោះថ្នាក់ ដោយខ្សែភ្លើងឆក់ ក្នុងពេលបំពេញការងារ ជាកម្មករសំណង់ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
ដោយសារស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសម្រេច កាត់ដៃទាំងសងខាង ត្រឹមកំភួនដៃ ដើម្បីសង្គ្រោះជីវិត របស់អ្នករងគ្រោះដែលបច្ចុប្បន្ន នេះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ។ យុវជន វ៉ន ខាវ គឺជាកូនច្បង និងជាអ្នកបង្គោល នៅក្នុងគ្រួសារ ដែលមានស្រុកកំណើតនៅភូមិប្រស្នាធំ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ហេីយដែលបានខិតខំតស៊ូ ដើម្បីចិញ្ចឹមជីវិតនិងជីវភាពគ្រួសារ ខណៈដែលមានប្អូនៗ ក្នុងបន្ទុកចំនួន៣នាក់ ចំណែកឯឪពុក ជាកសិករពិការដៃម្ខាង និងម្តាយ ទើបសម្រាលកូនខ្ចីបាន១ខែ។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំ ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្ត ដល់អ្នករងគ្រោះ ត្រូវថែទាំសុខភាព ឱ្យបានល្អ អនុវត្តតាម ការណែនាំរបស់គ្រូពេទ្យ និងខិតខំតស៊ូ ប្រឹងប្រែង ដើម្បីជីវិត រស់នៅបន្តទៅទៀត។ ទន្ទឹមនឹងនេះ លោកជំទាវ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងបង្ការខ្លួនពីចរន្តអគ្គិសនី ដោយត្រូវសិក្សារៀនសូត្រឱ្យមានជំនាញច្បាស់លាស់ និងត្រូវមានសម្ភារៈគ្រប់គ្រាន់ សម្រាប់ការពារខ្លួន ក្នុងពេលបំពេញការងារ ដែលពាក់ព័ន្ធ នឹងចរន្តអគ្គិសនីនេះ ។
ជាមួយគ្នានេះ លោក អ៊ុង ឃៀង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលជាមាតាមនុស្សធម៌ តែងតែគិតគូរពីទុក្ខលំបាក របស់ប្រជាពលរដ្ឋទាំងអស់ ដោយគ្មានការរើសអើងអ្វីឡើយ។ សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនដើម្បី ជួយសម្រាល ដល់ជីវភាពរួមមាន ៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ឃីត(មុង ភួយសារុង ក្រមា អាវយឺត) ២ឃីត និងថវិកា ១០លានរៀល៕