ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានមានប្រសាសន៍ថា នៅពេលនេះប្រទេសកម្ពុជាកំពុងតែទន្ទឹងរង់ចាំនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ ខណៈក្រុមអ្នកស្រាវជ្រាវដែលមានលក្ខណៈជឿនលឿន ទើបតែមានចំនួន ៦បេក្ខភាពប៉ុណ្ណោះ ក្នុងចំណោមបេក្ខភាពទាំង១៦៩ ដែលបានស្ថិតនៅក្នុងការសិក្សាជាលើកទី ៣ហើយនោះ។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅទូទាំងពិភពលោកដទៃទៀត កំពុងរង់ចាំវ៉ាក់សាំងការពារ និងទប់ស្កាត់មេរោគកូវីដ១៩។ ប៉ុន្តែវ៉ាក់សាំងទាំងនោះ លុះត្រាតែមានការវាយតម្លៃពីអង្គការសុខភាពពិភពលោក (WHO) សិនទើបអាចធានាពីប្រសិទ្ធភាពនៃការប្រើប្រាស់បាន ហើយវ៉ាក់សាំងដែលក្រុមប្រទេសជឿនលឿនកំពុងតែស្រាវជ្រាវ និងធ្វើការសិក្សានេះគឺមិនមែនប្រើរយៈពេលខ្លីនោះទេ ពោលគឺត្រូវតែពិនិត្យឱ្យបានជាក់លាក់ និងហ្មត់ចត់បំផុត។
លោកស្រីរដ្ឋលេខធិការបន្តថា សម្រាប់កម្ពុជា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង មិនប្រងើយកន្តើយឡើយ គឺក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក ហើយទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏បានផ្ញើសារស្នើសុំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅអង្គការ ហ្គារី ដែលជាស្ថាប័នមួយតាមដានរាល់កិច្ចការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ ដែលអាចយកមកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋទូទៅ នៅក្នុងប្រទេសកម្ពុជា ក្នុងពេលវាសម្រេចជាស្ថាពរ។
បើតាមលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ឱ្យដឹងទៀតថា ពេលក្រុមអ្នកស្រាវជ្រាវរកឃើញនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ បានសម្រេចជាស្ថាពរនោះ ប្រទេសនីមួយៗអាចទទួលបានចំនួនប្រហែល ២០ភាគរយ ជាលើកដំបូង ប៉ុន្តែកម្រិតនេះ គឺស្ថិតនៅក្នុងភាពពិភាក្សាគ្នានៅឡើយ ហើយកិច្ចពិភាក្សាទាំងនេះក៏អាស្រ័យទៅលើលទ្ធភាព នៃការផលិតលើភាពជាក់លាក់ លើវ៉ាក់សាំងដែលអាចប្រើប្រាស់បានដែរ។
ទន្ទឹមនឹងនោះដែរ ទាក់ទិននឹងវ៉ាក់សាំងកូវីដ១៩នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា អង្គការសុខភាពពិភពលោក បានអំពាវនាវកុំឱ្យមានគំនិតអាត្មានិយម ជាពិសេសត្រូវឱ្យមានតម្លាភាពក្នុងការបែងចែកវ៉ាក់សាំង ដោយត្រូវតែមានគំនិតសាមគ្គីភាព ជួយទៅដល់មនុស្សលោក ដែលកំពុងត្រូវការវ៉ាក់សាំង តាមរយៈអង្គការ ហ្គារី ដែលមានអង្គការសុខភាពពិភពលោកជាអ្នកសម្របសម្រួល។
សូមរំលឹកថា រហូតដល់ថ្ងៃទី២៥ ខែសីហានេះ មានមនុស្សចំនួនជិត ២៤លាននាក់ហើយ ដែលបានឆ្លងនូវមេរោគកូវីដ១៩ ដោយក្នុងនោះបានបាត់បង់ជីវិតចំនួនជាង ៨០ម៉ឺននាក់ និងបានជាសះស្បើយចំនួនជាង ១៦លាននាក់។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា គឺមានអ្នកឆ្លងចំនួន ២៧៣នាក់ ដោយក្នុងនោះអ្នកជាសះស្បើយចំនួន ២៦៣នាក់ ខណៈអ្នកបន្តសម្រាកព្យាបាលចំនួន ១០នាក់ទៀត។
យ៉ាងណាក៏ដោយលោកស្រី ឱ វណ្ណឌីន នៅតែបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តប្រុងប្រយ័ត្នជានិច្ចចំពោះមេរោគនេះ ហើយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលទាក់ទងនឹងបញ្ហាមេរោគកូវីដ១៩នេះ៕