ស្វាយរៀង៖ សត្វគោក្របីរបស់ប្រជាពលរដ្ឋ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កំពុងឈឺ និងងាប់ជាបន្តបន្ទាប់ ដោយសារជំងឺសារទឹក និងជំងឺបូសខ្យល់ ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមការឱ្យដឹងពីលោក យិន សុភាព មន្ត្រីពេទ្យសត្វស្រុកចន្រ្ទា ខេត្តស្វាយរៀង។
លោក យិន សុភាព បានលើកឡើងថា ជំងឺសារទឹក និងបូសខ្យល់ មានស្ថានភាពខ្លាំងក្លានៅឡើយ មិនទាន់មានការថមថយនោះទេ ពោលសត្វគោក្របីរបស់ប្រជាពលរដ្ឋ នៅតែកើតមានជំងឺនេះជាបន្តបន្ទាប់ រហូតមកទល់នឹងល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខណៈគោក្របីមួយចំនួន ត្រូវប្រកាច់ងាប់ភ្លាមៗ រកការព្យាបាលមិនទាន់ ឯខ្លះទៀតឈឺបន្តគ្នា។
ទន្ទឹមនឹងនេះ មន្ត្រីពេទ្យសត្វ បានធ្វើលិខិតទៅពេទ្យសត្វខេត្តស្វាយរៀង សុំជំនួយអន្តរាគមន៍បន្ទាន់ ក៏ប៉ុន្តែជិត១សប្តាហ៍ហើយ មិនឃើញមកជួយព្យាបាលនៅឡើយទេ។
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋ បានស្នើដល់អភិបាលខេត្តស្វាយរៀង ជួយចាត់មន្ត្រីជំនាញ ចុះមកព្យាបាលសត្វគោក្របី ឱ្យបានទាន់ពេល ព្រោះកំពុងឈឺ និងងាប់ ហើយវាបានកំពុងរាលដាលដល់ភូមិផ្សេងបន្ថែមទៀត បើមិនមិនមានការអន្តរាគមន៍ពីមន្ត្រីជំនាញបានទាន់ពេល៕