(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមបឹងកេតនាល្ងាចថ្ងៃទី២៣ ខែសីហាចុងសប្ដាហ៍នេះ ដើម្បីកាត់សេចក្ដីរកក្រុមឈរកំពូលតារាង ក្នុងជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០។
បច្ចុប្បន្នក្រុមខ្លាំងទាំងពីរ កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ដោយព្រះខ័នរាជស្វាយរៀងមាន ៣១ពិន្ទុ ខណៈអតីតក្រុមជើងឯក ៣សម័យបឹងកេតមាន ២៩ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១១ប្រកួត និងរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ដូចគ្នា។
ដូច្នេះថ្ងៃអាទិត្យនេះ គឺជាការប្រកួតដ៏កក្រើក ដែលក្រុមទាំងពីរ ត្រូវការឈ្នះរៀងខ្លួន ដើម្បីប្រជែងកៅអីកំពូលតារាង។ ចំពោះព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីរក្សាកៅអីកំពូលតារាង តែបឹងកេត ទាមទារឈ្នះដាច់ខាត ទើបអាចប្រជែងកៅអីនេះពីក្រុមលោក Conor Nestor បាន។
គួរដឹងថា លីគកំពូលកម្ពុជា នឹងបញ្ចប់ការប្រកួតជើងទី១ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយ ៦ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងមានឱកាសបន្ដការប្រកួតដណ្ដើមតំណែងជើងឯក។ បច្ចុប្បន្នមាន ៤ក្រុមហើយ ដែលបានកក់កៅអី Top-6 រួមមានព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា និងភ្នំពេញក្រោន។ រីឯ ២ក្រុមទៀត ត្រូវចាំអ៊ុតការប្រកួតសប្ដាហ៍ទី១៣ ចុងសប្ដាហ៍នេះ ដោយមាន ៣ក្រុម ដែលមានឱកាស គឺណាហ្គាវើលដ៏ កងយោធពលខេមរភូមិន្ទ និងក្រុមអង្គរថាយហ្គឺរ៕