ភ្នំពេញ ៖ បន្ទាប់ពីបានឃើញរឿងរ៉ាវរវាងស្រ្តីម្នាក់ និងកុមារីម្នាក់របួសធ្ងន់នោះ មហាជនទូទៅបានបង្ហាញអារម្មណ៍ នៅលើសង្គមហ្វេសបុក ពីការអាណិតអាសូរ សោកសង្រែងឈឺចាប់ជំនួស ម្ដាយក្មេងស្រី និងអាណិតក្មេងស្រីជាទីបំផុត ហើយសំណូមពរដល់តុលាការ មេត្តាចាត់ការដាក់ទោសស្រ្តី រូបនោះឱ្យបានធ្ងន់ធ្ងរ ព្រោះបានប្រព្រឹត្តនូវ អំពើហួសហេតុពេក ។
ស្រ្តីជាប់សង្ស័យរូបនោះមានឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៦ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី១៦ ខែកក្កដា រួចបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ ។ រីឯកុមារីរងគ្រោះ មានឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ឆ្នាំ នៅផ្ទះលេខ២០ ( ក្បែរផ្ទះជនបង្ក ) ផ្លូវលេខ២៦ រងរបួសមុខនិងដៃកំពុងព្យាបាល នៅមន្ទីរពេទ្យកុមារជាតិ ជាមួយការជ្រោមជ្រែងឧបតម្ថម្ភពីសប្បុរសជននានា រួមនឹងខាងមន្ទីរពេទ្យកុមារជាតិ សន្យាមើលថែព្យាបាល ដោយមិនគិតថវិកា រហូតដល់ជាសះស្បើយ ។
សូមជម្រាបថា ស្ត្រីសង្ស័យបានវះផ្ទៃមុខក្មេងស្រី ព្រោះខឹងក្មេងស្រី គប់ដុំថ្មត្រូវកូនប្រុសរបស់ខ្លួន អាយុ២ឆ្នាំឱ្យរងរបួស រីឯក្រុមគ្រួសារ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់ស្ត្រីបង្ក និងក្មេងផ្សេងទៀតលេងជុំគ្នា ហើយក្មេងប្រុស ជាកូនស្ត្រីបង្កបានដេញគប់លេង ទៅលើក្មេងស្រីរងគ្រោះ តែមិនត្រូវ លុះក្មេងស្រីរងគ្រោះ គប់វិញត្រូវរបួស ធ្វើឲ្យយំ ប៉ុន្តែម្តាយក្មេងស្រី នាំជូនទៅពេទ្យដេរ១ថ្នេរ ជាហេតុធ្វើឲ្យស្ត្រីបង្ក ជាម្តាយក្មេងប្រុស មានចិត្តគុំគួនសងសឹកបែបនេះ ។ គ្រួសារកុមារីរងគ្រោះ បានទារសំណង១០ម៉ឺនដុល្លារ និងស្នើសុំឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕