ក្រោយការផ្ទុះឡើងនៃមេរោគកូវីដ១៩ វិស័យទេសចរណ៍រងគ្រោះធ្ងន់ជាងគេបំផុត។ ផ្ទុយពីការធ្លាក់ចុះនៃភ្ញៀវទេសចរ សម្រស់ទឹកដីអង្គរហាក់កាន់តែស្អាតប្លែក ពិសេសគឺ នៅតាមតំបន់ប្រាសាទបុរាណតែម្តង ជាមួយសភាពស្ងប់ស្ងាត់ ហំព័ទ្ធដោយធម្មជាតិបៃតងខ្ចីនារដូវវស្សា រំលេចចេញជាទេសភាពដ៏ស្រស់ត្រកាល។
អ្នកដែលបានទៅលេងអង្គរក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ សុទ្ធតែលាន់មាត់សរសើរដូចៗ គ្នាថា ស្ងប់ស្ងាត់ ស្រស់ស្អាត សប្បាយដើរ ថតរូបលេងបានស្អាត ពិតជាកម្រមាន។
ជាក់ស្តែង បងប្អូនដែលទើបទៅលេងខេត្តសៀមរាប កាលពីដើមខែកក្កដានេះ បានឲ្យដឹងពីភាពខុសប្លែកពីមុន និង ឥលូវនៅទឹកដីអង្គរថា ៖ « ពិតជាស្ងាត់មែនទែន ហាងធំៗ និងក្លិនកម្សាន្តមិនទាន់បើកទ្វាទេ សូម្បីអាជីវកម្មនៅផាបស្ត្រីបក៏បន្តបិទឡើងស្ងាត់ផ្លូវទាំងមូល។ ភ្ញៀវទេសចរពិតជាតិចខ្លាំងណាស់ ឬ ស្ទើរគ្មានសោះ។ ដល់ឃើញអីចឹង ខ្ញុំ និងមិត្តភ័ក្តបានដើរលេងថតរូបលេងបានស្អាតៗច្រើនណាស់។ តែប្រាសាទខ្លះធំហើយឆ្ងាយៗ ដល់ស្ងាត់ពេកដូចរៀងខ្លាចៗដែរ តែបើមានគ្នាច្រើននាក់ ធានាដឹងតែសប្បាយខ្លាំងម៉ង»។