ភ្នំពេញ ៖ រថយន្តហ្វតមួយគ្រឿង បានរងការខូចខាយយ៉ាងដំណំ ខណៈប៉ះគេតិចតួច តែមិននៅដោះស្រាយ ព្យាយាមបើករត់ ទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ រួចធ្លាក់ប្រឡាយ និងបុកបង្គោលភ្លើង កាលពីវេលា ម៉ោង៨យប់ ថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២០ ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្ក ម៉ាកហ្វតរីនជឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-3994 បើកដោយបុរសម្នាក់ អត់ស្គាល់អត្តសញ្ញាណ រីឯរថយន្តក្រឡុកស៊ីម៉ងត៍ ម៉ាកISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-1483 ។
ប្រភពឲ្យដឹងថា ដំបូងរថយន្តហ្វត តាមបណ្ដោយ ផ្លូវបេតុងទិសដៅពីលិចទៅកើត ខណៈមកដល់រង្វង់មូល ក្រុមង៉ុ យ ក៏ប៉ះរថយន្តមួយគ្រឿងមិនចាំម៉ាក តិចតួចមិនព្រម នៅដោះស្រាយនោះទេ បានព្យាយាមបើករត់យ៉ាងលឿន លុះមកដល់ចំណុច កើតហេតុខាងលើ ក៏បុកបញ្ឆិត ជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ ដែលមានទិសដៅ ពីកើតមកលិច បញ្ច្រាស់ទិសគ្នាផ្នែកខាងឆ្វេង បណ្ដាលឲ្យរ៉េចង្កូតមកខាងហោះធ្លាក់ចូលប្រឡាយ លូទឹកស្អុយ ទៅបុកដើមព្រីង និងបុកបង្គោលភ្លើងថ្ម បាក់អស់១ដើមទៀត តែពុំមានអ្នកណាម្នាក់ រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុក នៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕