ភ្នំពេញ ៖ បុរសម្នាក់ដែលរងគ្រោះ ដោយអំពើចោរឆក់ បានក្លាយខ្លួនជាជនល្មើស ក្នុងករណី មនុស្សឃាតដោយអចេតនា ព្រោះបុរសខាងលើ បានព្យាយាមបើករថយន្ត ដេញតាមចោរឆក់ទ្រព្យសម្បត្តិរបស់ខ្លួន រួចជ្រុលបុកម៉ូតូជនសង្ស័យ បណ្ដាលស្លាប់ កាលវេលាម៉ោង ២រសៀល នៅចំណុច ផ្លូវភ្នំពេញហាណូយ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
បុរសខាងលើមានឈ្មោះ គង់ ខេមរា ភេទប្រុស អាយុ៣៧ឆ្នាំ ជាចៅក្រមមួយរូបប្រចាំខេត្តកោះកុង ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីវិធី ដោយជាប់សង្ស័យក្នុងករណី មនុស្សឃាតដោយអចេតនា ។ ជនសង្ស័យ បានបើករថយន្តរបស់ខ្លួន ដេញតាមជនសង្ស័យជាចោរឆក់ រហូតបុកម៉ូតូជនសង្ស័យ បណ្ដាលឱ្យស្លាប់ម្នាក់ ។
សូមជម្រាបថា ជនសង្ស័យ០២នាក់ បានធ្វើសកម្មភាព ឆក់កាបូបប្រាក់ វេលាម៉ោងប្រហែលរដៀល នៅចំណុចមុខផ្ទះលេខ៣៨ផ្លូវ១០១១ ភូមិពោងពាយ រួចព្យាយាមជិះម៉ូតូរត់ ក៏ត្រូវម្ចាស់កាបូប បើករថយន្តប្រដេញតាមពីក្រោយ រហូតបុកម៉ូតូជនសង្ស័យបណ្ដាលឱ្យស្លាប់ម្នាក់ ឈ្មោះ សាយ គឹមនី ភេទស្រី អាយុ៣០ឆ្នាំ ( ជាអ្នកធ្វើសកម្មភាពឆក់កាបូប) ។
តាមសម្ដីអ្នកបើកបររថយន្តដេញតាមបុកនោះ បានអះអាង ថា ខ្លួនជាចៅក្រមខេត្តកោះកុង គាត់ពុំមានចេតនា បុកជនសង្ស័យឱ្យស្លាប់នោះទេ គាត់ជិះរថយន្តដេញតាម គោលបំណង កៀរផ្តួល ដើម្បីយកកាបូបវិញប៉ុណ្ណោះ ដោយមានប្រាក់ប្រមាណ ជាង៦ពាន់ដុល្លារ ។ បច្ចុប្បន្ន ជនសង្ស័យឈ្មោះ គង់ ខេមរា កំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕