ភ្នំពេញ ៖ សមត្ថកិច្ចនៃនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន ជនសង្ស័យ៣រូប បុរស២នាក់ នារីម្នាក់ បន្ទាប់ពីធ្វើសកម្មភាព រៀបគម្រោងប្លន់យកទូរស័ព្ទ ពីបុរសម្នាក់ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៩អា៦ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវឃាត់ខ្លួនបាននៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃដដែល ។
ក្រុមជនសង្ស័យមានឈ្មោះ ហឿម ភីម ភេទស្រី អាយុ២១ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ២-ឈ្មោះ វ៉ុន ដេត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប និងទី៣-ឈ្មោះ ណាត ម៉ានាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរពិតប្រាកដ រីឯ
ជនរងគ្រោះឈ្មោះ ធា ចំណាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជាបុគ្គលិកហាងមីតអ៊ែនអ៊ីត ស្នាក់នៅហាងមីតអ៊ែនអ៊ីត ។ និងដកវត្ថុតាង ទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO F9 ពណ៌ខៀវ ( ប្រគល់ឲ្យជនរងគ្រោះ យកទៅរក្សាទុកជាបណ្តោះអាសន្ន) និង ម៉ូតូមួយគ្រឿងម៉ាក VIVA ជារបស់ជនសង្ស័យឈ្មោះ វ៉ុន ដេត។
សមត្ថកិច្ចឱ្យដឹងថា នៅវេលាកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកនិច ចេញពីហាង មករកស្ត្រីរកស៊ីផ្លូវភេទ នៅម្តុំវត្តភ្នំ ពេលមកដល់ បានជួបនារីសង្ស័យ តថ្លៃត្រូវរូវគ្នា តម្លៃ១០$ រួចទៅដេក នៅផ្ទះសំណាក់វិមានច័ន្ទ នៅម្តុំទួលគោក ពេលទៅដល់ផ្ទះសំណាក់ ជនសង្ស័យ បានខ្ចីទូរស័ព្ទដៃជនរងគ្រោះ ស្តាប់ចម្រៀងលេង ពេលនោះជនរងគ្រោះ បានសុំយកទូរស័ព្ទវិញ តែជនសង្ស័យមិនព្រមឲ្យ ដោយកុហកថា ដឹកខ្លួនដល់ផ្ទះបានឲ្យទូរស័ព្ទ ។
ប្រភពបន្តថា ខណៈជនរងគ្រោះដឹកមកដល់ចំណុចមុខផ្ទះលេខ៩អា៦ ផ្លូវលេខ៨៦ ជនសង្ស័យបានលោតចុះពីលើម៉ូតូ យកទូរស័ព្ទរត់គេច ត្រូវបានជនរងគ្រោះ តាមចាប់ប្រទាញប្រទុង ភ្លាមនោះបក្ខពួកជនសង្ស័យ២នាក់ទៀត បានជិះម៉ូតូម៉ាកVIVA មកវាយលើជនរងគ្រោះ ដឹករំដោះបក្ខពួកគេចខ្លួនទៅបាត់ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ សហការជាមួយជនរងគ្រោះ ធ្វើការស្រាវជ្រាវ លុះវេលាម៉ោង០៨និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ឃើញជនសង្ស័យទាំង០៣នាក់ នៅចំណុចផ្លូវបេតុង ភូមិ២២ សង្កាត់ស្រះចក ធ្វើការឃាត់ខ្លួន រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។
ក្រោយពីសាកសួរ ជនសង្ស័យទាំង០៣នាក់ បានសារភាពថាខ្លួនពិតជាបាន ធ្វើសកម្មភាពវាយប្លន់ យកទូរស័ព្ទដៃពីជនរងគ្រោះ ប្រាដកមែន ចំណែកជនសង្ស័យ ឈ្មោះ ណាត ម៉ានាត បានសារភាពថា ខ្លួនធ្លាប់ជាប់ ពន្ធនាគារព្រៃ(ម១) រយៈពេល១ឆ្នាំ កាលពីឆ្នាំ២០១៨ ពីបទ៖ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ឆ្លងតាមការធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យទាំង០៣នាក់ខាងលើជាលទ្ធផល គឺវិជ្ជមាន (មានសារធាតុញៀន) ៕