ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកំលាំងនគរបាលខណ្ឌដង្កោសហការជាមួយ នគរបាលខេត្តកំពង់ឆ្នាំង តាមឃាត់ខ្លួន ក្រោយជនសង្ស័យ ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូចំនួន២គ្រឿង ទៅជាមួយមាន១គ្រឿងបំពាក់ប្រព័ន្ធតាមដាន GPS ហើយជនសង្ស័យបានបន្សល់ទុកម៉ូតូចាស់១គ្រឿងជារបស់ជនសង្ស័យ ជូនម្ចាស់ផ្ទះវិញ ដែលហេតុការណ៍នេះ កាលពីវេលាម៉ោង៦និង៤៥នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ចំណុចផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០២នាក់
-ទី១មានឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ទីលំនៅផ្ទះ៤៩ ផ្លូវ២៦១ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។–ទី២ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ១៩ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការចាប់ឃាត់ខ្លួននេះ គឺធ្វើឡើងតាមបណ្តឹងជនរងគ្រោះឈ្មោះ អេង វណ្ណឆាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតខ្មែរ ទីលំនៅផ្ទះលេខ ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកវត្ថុតាងម៉ូតូចំនួន០២ គ្រឿង
១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FN-9874
២/ម៉ូតូម៉ាកហ្សូម័រអ៊ិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB-5331 ។ដោយឡែកជនសង្ស័យបានបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាកសេដេ ពណ៌ខ្មៅ (ម៉ូតូចាស់)។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ជនរងគ្រោះ បានបិតទ្វារផ្ទះចាក់សោរត្រឹមត្រូវ ក៏បានធ្វើដំណើរទៅលេងខេត្តតាកែវជាមួយក្រុមគ្រួសារ ដោយពុំមានអ្នកនៅយាមផ្ទះទេ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៦និង ៤៥នាទី ជនរងគ្រោះបានត្រឡប់ពីខេត្តតាកែវ ស្រាប់តែឃើញទ្វារចំហរ ហើយទ្វារកញ្ចក់បានដោះចេញ០១ផ្ទាំង និងឃើញម៉ូតូម៉ាកសេដេ ពណ៌ខ្មៅ (ម៉ូតូចាស់) ទុកចោលនៅខាងមុខផ្ទះ ។ បន្ទាប់មកជនរងគ្រោះ ក៏បានដើរចូលក្នុងផ្ទះឃើញអីវ៉ាន់ នៅក្នុងផ្ទះរើកកាយ រប៉ាត់រប៉ាយ និងបាត់ម៉ូតូចំនួន០២គ្រឿងខាងលើ ទើបជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីជួយអន្តរាគមន៍។
បន្ទាប់មកសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវឆែកមើលGPS ដែលដាក់ជាប់នឹងម៉ូតូម៉ាកស៊ុយស៊ូគីនិច តាមរយៈទូរស័ព្ទដៃរបស់ជនរងគ្រោះ កំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង កម្លាំងជិះឡានទៅតាម GPS នេះ ដោយសហការជាបន្ដបន្ទាប់ជាមួយកម្លាំងខេត្ដកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការខេត្ដកំពង់ឆ្នាំង ក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ត្រង់ចំណុចខាងមុខ សាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕