ភ្នំពេញ ៖ ការដ្ឋានសំណង់ ភោជនីយដ្ឋាន មួយកន្លែង ដែលកំពុងសាងសង់ ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង ២រសៀល ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ ផ្ទះលេខ៤០ ផ្លូវ២៧៦ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនពេលកើតហេតុ ការដ្ឋានមួយនេះ បានដំណើរការសាងសង់ជាធម្មតា ដោយមានរៀបចំ បំពាក់ដេក័រផ្សេងៗ ព្រោះគម្រោងភោជនីដ្ឋាន ទំនើបនេះ សាងសង់បានប្រហែល៨០ភាគរយហើយ ។ លុះដល់វេលាកើតហេតុ ខណៈជាងកំពុងសម្រាក គេក៏ឃើញផ្សែង ហុយខ្មួលខ្មាញ់ ចេញពីទីតាំងជាន់ទី១ ក៏នាំគ្នាយកបំពង់ ពន្លត់អគ្គិភ័យ ជាច្រើនទៅបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅសមត្ថកិច្ច ចុះជួយអន្តរាគមន៍តែម្ដង ។
សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ដោយខូចខាតសំភារៈមួយចំនួន នៅជាន់ទី១ ទាំងស្រុង នឹងពុំបណ្តាលឲ្យរាលដាល ដល់អ្នកក្បែរខាងឡេីយ ។ ចំពោះមូលហេតុ គឺបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី ៕