ខេត្តព្រះសីហនុ ៖ កម្មករ៥នាក់ ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវាយផ្ទប់ទូកឱ្យជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុ ទៅកោះរ៉ុង ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប័រល្បឿនលឿនរបស់ឧកញ៉ា ទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះ ជិត២ម៉ោង ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០២០នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ ភ្លៀងធ្លាក់ដោយកន្លែង និងមានខ្យល់បក់ខ្លាំង ធ្វើឲ្យទូកអូសសណ្ដោងគ្នា ប៉ះរលកខ្លាំងបោកប៉ះថ្ម ក្បែរកោះថាស បណ្ដាលឲ្យកម្មករទូកចំនួន៥នាក់ បានធ្លាក់ទឹកសមុទ្រ ។
លោកស្នងការនគរបាលខេត្តព្រះសីហនុ បន្តថា ភ្លាមៗលោកឧកញ៉ា ទៀ វិចិត្រ បញ្ចេញ អូរប័រ ចេញសង្គ្រោះ ដោយចំណាយពេលជិត២ម៉ោង បានស្រង់កម្មករទាំងអស់ ដោយសុវត្ថិភាព ។
ដោយឡែក ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាក និងប្រើពេលយូរ គឺទូកទាំង២គ្រឿងនេះ(អូសគ្នា) ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ឃ្លងសមុទ្រ ក្បែរកោះថាស ចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿង ក៏ត្រូវរលកសមុទ្រវាយពន្លិច គឿងជាប់នឹងថ្ម ក្នុងនោះជនរងគ្រោះទាំង៥នាក់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់ ។ សំណាងល្អ ពួកគេត្រូវជួយសង្គ្រោះទាន់ពេល និងបាននាំមកដល់កន្លែងសុវត្ថិភាព នៅល្ងាចថ្ងៃដដែល ។ យ៉ាងណា លោកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង ២គ្រឿង ក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ ៕