ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាមួយសារធាតុញៀនជិត៣២គីឡូក្រាម ត្រូវបានសមត្ថកិច្ច ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្ទះលេខ57E1 ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យសារព័ត៌មានដឹង នៅថ្ងៃទី១៨ ខែមិថុនានេះថា ប្រតិបត្តិការនេះធ្វើឡើង ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការសម្របសម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ ។
ជាលទ្ធផល សមត្ថកិច្ចបានចុះឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ NGUYEN NGOC QUI ភេទប្រុស ជនជាតិវៀតណាម និងដកហូតសារធាតុញៀន សរុបជិត៣២គីឡូក្រាម និងចាប់យកសម្ភារៈ រថយន្ត១គ្រឿង ទូរស័ព្ទដៃ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ តាមនីតិវិធី ៕