ភ្នំពេញ ៖ យុវជនម្នាក់កំពុងជិះម៉ូតូឈប់ស្តុប ត្រូវបានរថយន្ត ប្រភេទដឹកខ្សាច់ បុករួចកិន បណ្ដាលឲ្យស្លាប់ភ្លាម នៅវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ រស់ ភារុណ អាយុ៣៣ឆ្នាំ ជាជាងភ្លើងរថយន្ត មានប្រពន្ធនិងកូន២នាក់ សព្វថ្ងៃស្នាក់នៅស្រុកល្វាឯម ខេត្ដកណ្ដាល ធ្វើដំណើរដោយម៉ូតូម៉ាក ឌ្រីមសង់ ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1R-0440 រីឯរថយន្តបង្កមិនស្គាល់អត្តសញ្ញាណ គ្រាន់តែសាក្សីបញ្ជាក់ថា ជារថយន្តប្រភេទដឹកដី ឬដឹកខ្សាច់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសរងគ្រោះ ជិះម៉ូតូម្នាក់ឯង ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ លុះមកដល់ស្តុបបំបែក ៦០ម៉ែត្រជនរងគ្រោះ ក៏បានឈប់រង់ចាំស្តុប ពណ៌ខៀវ ស្របពេលនោះ ក៏មានរថយន្តបង្ក ធ្វើដំណើរមកពីក្រោយ ក៏បាន បុកកិនចំក្បាល ទាំងជនរងគ្រោះពាក់មួកសុវត្ថិភាព បណ្ដាល ឱ្យស្លាប់តែម្ដង ភ្លាមៗរថយន្តបង្ក បានបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុក នៅតែជនរងគ្រោះជាមួយនឹងម៉ូតូ នៅកន្លែងកើតហេតុ ។
សពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី នៅស្រុកឯល្វាឯម ខេត្តកណ្តាល ម៉ូតូរក្សាទុក នៅអធិការខណ្ឌមានជយ័៕