ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធ កូន២នាក់ទៅហើយ បានលួចលាក់មានស្រីថ្មី រហូតចុះចេញពីផ្ទះអស់រយៈ២ខែមក រួមរស់ជាមួយស្រីកំណាត់ក្នុងបន្ទប់ជួល មួយកន្លែង ហើយទើបនិងប្រពន្ធដើម ដើររកតាមទាន់ ចងទ្វារពីក្រៅជាប់ បង្ករឲមានការឈ្លោះប្រកែកគ្នាបែកផ្សែង ផ្អើលដល់អាជ្ញារធរនិងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ លោកថេង កុសល មេប៉ុស្តិ៍ដឹកនាំកម្លាំង ជួយសម្របសម្រួលគ្នា ជៀសវាងបង្ករហឹង្សាដោយប្រការណាមួយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង៦និង៣០នាទីព្ររឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ១៥ ជាន់ទី១ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធោសែនជ័យ ។
បុរសជាប្តីមានឈ្មោះ យាំ រ៉ុន អាយុ៣៤ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល ទើបមកស្នាក់នៅចំណុចខាងលើបានជាង២ខែ មានស្រុកកំណើត ភូមិចុងព្រៃ ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកភាគីខាងប្រពន្ធដើម ឈ្មោះ ប៉េង ចាន់នី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិចុងព្រៃ ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង ។រីឯ ភាគីខាងស្រីថ្មី មានឈ្មោះ សុីណា អាយុ ៣៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើតភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមសម្តីរបស់ប្រពន្ធដើម បានរៀបរាប់ថា គាត់នឹងប្តី បានចាប់ដៃ សាងគ្រួសារអស់រយៈពេល១២ឆ្នាំមកហើយ នឹងបានចំណងដៃអាពាហ៍ពិពាហ៍កូនចំនួន២នាក់ ប្រុស១នាក់អាយុ១១ឆ្នាំ និងស្រី១នាក់ អាយ៦ឆ្នាំ ។ហើយជាង១០ឆ្នាំមកនេះ ទើបតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ សេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ចេះតែជង្គោះរង្គើ ប្រេះស្រាំ រហូតប្តីរបស់គាត់ចុះចេញពីផ្ទះ ជាង២ខែ ទោះជាចង់និយាយ គ្នារឿងលែងលះ ក៏មិនអាចដាច់ស្រេចដែរ ព្រោះខាងប្តីមិនចូលមកដោះស្រាយ បែរជាមលសង្ងំលាក់ខ្លួនសោយសុខ ផ្តើមស្នេហាជាមួយនារីកម្មការនីរោងចក្រ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធបាត់ទៅហើយ
ទើបតែនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ តាមរកឃើញ ទើបប្តឹងទៅអាជ្ញាធរ សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
បើតាមភាគីខាងប្តីវិញ បានឲ្យដឹងថា ដោយសារក្នុងគ្រួសាររស់នៅមិនចុះសម្រុងគ្នា លែងលះមិនដាច់ស្រេច ក្នុងរយៈពេលជាង២ខែមកនេះ ហើយខ្លួនក៏បានមកភ្នំពេញ ស្នាក់នៅជាមួយប្រពន្ធក្រោយតែម្តង ។
ដោយឡែក ភាគីខាងស្រីថ្មីវិញបាននិយាយថា រូបគេជាស្ត្រីម៉េម៉ាយ ហើយស្គាល់បុរស តាមរយៈទូរស័ព្ទ ហើយបុរសខាងលើក៏អះអាងថាពោះម៉ាយដែរ ទើបខ្លួនហ៊ានទទួល ដាក់ចិត្តដាក់កាយស្នេហាជាមួយ ។
ក្រោយទទួលព័ត៍មាននេះ លោក ថេង កុសល មេប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅជួយអន្តរាគមន៍ រវាងភាគីទាំង៣នាក់ ទៅនិយាយសម្របសម្រួលគ្នា នៅសាលាសង្កាត់ចោមចៅ៣ ដោយមានការសម្របសម្រួល ពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ទីបំផុត ព្រមព្រៀងគ្នា ដោយភាគី ប្តីនិងស្រីថ្មី បំពេញកាត្វកិច្ច នូវអារហារកិច្ចលើកូន២នាក់ ក្នុង១ខែ៣០មុឺនរៀល ធ្វើកិច្ចសន្យាបញ្ចប់រឿង ៕