ភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យថាប្តីចុង សម្លាប់ មិនដឹងជាប៉ុន្មានថ្ងៃរហូតដល់ធំក្លិនស្អុយ ភាយចេញមកក្រៅ ខណៈស្ត្រីចំណាស់ជាម្ចាស់បន្ទប់ជួល ដើរទៅចាក់សោរបន្ទប់ក្រោមកាំជណ្តើរ ដែលជាកន្លែងដាក់ម៉ូតូរបស់អ្នកជួលផ្ទះ ទើបបង្កឲមានការភ្ញាក់ផ្អើល ដល់មេភូមិនិងប៉ូលិសមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ រាយការណ៍បន្តទៅជំនាញពាក់ព័ន្ធ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅ វេលាម៉ោង១១ ព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ១ ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ
សពស្ត្រីរងគ្រោះ មានឈ្មោះ ហេង សុខឃឿន អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទើបមកស្នាក់នៅបន្ទប់ជួលខាងលើទើប បានជាងមួយសប្តាហ៍តែប៉ុណ្តោះ ជាមួយប្តី ចុងហេងស៊យ នេះ។រីឯ ប្តីចុងសង្ស័យជាឃាតករនោះពេជ្រ ចន្ថា អាយុ ៤២ឆ្នាំ កម្មករសំណង់ មានស្រុកកំណើត ភូមិលាចឈូក ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុ និងជាមនុស្សមិនល្អ មានប្រពន្ធច្រើនគ្រាន់តែក្នុងភូមិគោកខ្សាច់នេះរហូតដល់៤នាក់ឯនោះ ពោលគឺទៅដល់ទីណាមានស្រីមានប្រពន្ធទីនោះ ហើយកាលពីប៉ុន្មានថ្ងៃមុន ត្រូវបាននគរបាលប៉ុស្តិ៍ប្រទះឡាងឃាត់ខ្លួនម្តងរួចមកហើយ លើករណីប្រើហិង្សារទៅលើស្ត្រីរងគ្រោះ(សព) តែដោយក្តីអាណិតស្រលាញ់ពីស្ត្រីរងគ្រោះ បានសុំសម្រួល ដោះលែងជនសង្ស័យរួចខ្លួនវិញ ។
បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ ជឹម លូត អាយុ ៥១ឆ្នាំ មុខរបរកម្មករោងចក្រ មានទីលំនៅ ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល ដែលត្រូវជាដន្លង ជាមួយសពរងគ្រោះបាន រៀបរាប់ឲដឹងថា តាមដែលគាត់ដឹង គឺកាលពីល្ងាចថ្ងៃសៅរ៍ ទី ១៣ មិថុនា ឆ្នាំ ២០២០ ជនសង្ស័យ និងជនរងគ្រោះ បានឌុបគ្នា ទៅកម្មវិធី ខួបកំណើតកូនរបស់ជនសង្ស័យ នៅឯត្រាំខ្នារ ខេត្តតាកែវ រួចក៏ត្រឡប់មកវិញទាំងយប់ ហើយយប់នោះជនសង្ស័យនិងជនរងគ្រោះ ក៏មានការ ឈ្លោះ ប្រកែកគ្នាផងដែរ។ លុះព្រឹកឡើង ថ្ងៃអាទិត្យ គេឃើញជនសង្ស័យចេញទៅធ្វើការជាធម្មតា ដោយឡែកបាត់តែស្ត្រីរងគ្រោះមិនឃើញទាល់តែសោះ ហើយក៏គ្មានអ្នកណាចាប់អារម្មណ៍នោះដែរ ចេះតែហីៗទៅ ។
ប្រភពដដែលបានបន្តថា កាលពីល្ងាចថ្ងៃច័ន្ទ ទី១៥ គេឃើញជនសង្ស័យអង្គុយផឹកស៊ីជាមួយអ្នកភូមិដូចសព្វដង តែនៅមិនចាប់អារម្មណ៍នឹកថា បាត់ស្ត្រីរងគ្រោះនោះដែរ ទៀតសោធរូបគេជាជនសង្ស័យក៏មិនបញ្ចេញសកម្មភាពគួរឲកត់សំគាល់ផងដែរ។ហើយព្រឹកថ្ងៃទី១៦ មិថុនា នេះទៀត ជនសង្ស័យក៏នៅផឹកជាមួយបងប្រុសបង្កើតដែលជាប្រជាការពារភូមិគោកខ្សាច់ ហាក់ដូចមិនមានរឿងអ្វីដដែល រហូតដល់មានការភ្ញាក់ផ្អើលទើបបាត់ខ្លួនជនសង្ស័យ ។
ក្រោយសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ ក៏បានឃាត់ខ្លួនបុរសដែលត្រូវជាបង្កើតប្រុសជនសង្ស័យយកទៅសួរនាំ តែទោះជាយ៉ាងណា បុរសនោះមិនបានសារភាពប្រាប់ប៉ូលិសថាខ្លួនជាបងប្រុសជនសង្ស័យនោះទេ ទោះបីជាអ្នកភូមិទីនោះដឹងច្បាស់ក៏ដោយ។
បច្ចុប្បន្នទីតាំងកើតហេតុ សមត្ថកិច្ចបានហ៊ុមព័ទ្ធនិងកំពុងត្រួតពិនិត្យលើសាកសព និងពិនិត្យរកវត្ថុតាងឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកផ្តន្ទាទោស។ ដោយឡែកសពជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ត្រូវវាយចាក់សម្លាប់ អាចចន្លោះ២ទៅ៣ថ្ងៃមកហើយ ព្រោះនៅក្បែរសពមានកាំបិតប្រឡាក់ឈាម៕