កំពង់ធំ ៖ ថៅកែទិញកៅស៊ូម្នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីកសិករប្ដឹង ឱ្យសមត្ថកិច្ចជួយ ត្រួតពិនិត្យជញ្ជីងរបស់ថៅកែនោះ ឃើញថាមានកល់ជ័រស្បែកជើង បណ្ដាលឱ្យជញ្ជីងនោះ ស៊ីភ្នែកជញ្ជីងបាត់អស់ ២០គីឡូក្រាម ក្នុងចំនួន១០០គីឡូក្រាម ។
យោងតាមកំណត់ហេតុ គឺលោកស្រ៊ូយ ម៉េងគង់ បានប្ដឹង លោកស្រី យន បុប្ផា កាលពីរសៀល ថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២០ មកកាន់អធិការដ្ឋាន នគរបាលស្រុកសណ្ដាន់ ឱ្យជួយត្រួតពិត្យជញ្ជីងបន្ថែម លើជញ្ជីងទម្ងន់១២០គីឡូក្រាម ដែលលោកស្រី យន បុប្ផា បានប្រើប្រាស់ សម្រាប់ទិញកៅស៊ូពីកសិករនានា ។ សមត្ថកិច្ចបញ្ជាក់ថា ជញ្ជីងមួយនេះ ពិតជាការកល់ជ័រស្បែងជើងកៅស៊ូ ពិតប្រាកដមែន ។
លោក ស្រ៊ូយ ម៉េងគង់ ជាម្ចាស់ចំការកៅស៊ូ បាននិយាយថា គាត់ហួសចិត្ត រកស៊ីជាមួយគ្នារាប់ឆ្នាំ ឆ្ងល់ចេះតែបាត់កៅស៊ូ ពេញមួយឡាន បាត់ដល់ទៅ700គីឡូក្រាម ។ ទើបគាត់ឆែកមើល ជញ្ជីងអ្នកទិញ យកកៅស៊ូស្បែកជើងផ្ទាត់ កល់ក្នុងជញ្ជីង ដើម្បីស៊ីភ្នែកគីឡូក្នុង100គីឡូក្រាម បាត់អស់20គីឡូក្រាម ។
លោកបន្តថា ដើម្បីការពារ ដល់ពលរដ្ឋឯទៀត ដែលលក់ ស្វាយចន្ទី ដំឡូង កៅស៊ូ កុំឲ្យចាញ់បោក ជនកេងបន្លំភ្នែកជញ្ជីងនេះ ទើបសម្រេចចិត្តប្ដឹង ហើយឥលូវសមត្ថកិច្ចឃុំខ្លួនហើយ ដោយសារតែ បានទទួលកំហុសនិងឆ្លើយបញ្ច្រាសមើលងាយវិញថា « បើមិនកល់ស្បែកជើង ម៉េចរកស៊ីចំណេញ ហើយបើដឹងថា ជញ្ជីងស៊ី ម៉េចបានលក់ឲ្យទៀត » ៕ ប្រភព៖http://www.bbn-tv.cc