ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានស្រាវជ្រាវ និងដឹកនាំសហការ ជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ចាប់បង្រ្កាបបាន មុខសញ្ញាសង្ស័យចំនួន០៣នាក់ នៅចំណុច វាលរំពេ ភូមិតាកូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ពួកជនសង្ស័យ បានធ្វើសកម្មភាព កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នំា២០២០ វេលាម៉ោង៨និង១០នាទីព្រឹក នៅចំណុចផ្ទះវេរលុយវីង ផ្លូវបេតុង ភូមិប្រាសាទ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញបង្កដោយជនសង្ស័យមួយក្រុម មានគ្នាប្រហែល០៥នាក់ បានធ្វើសកម្មភាពចូល ទៅទិញទំនិញ នៅកន្លែងវេលុយវីង ឆ្លៀតឱកាស ពេលជនរងគ្រោះ កំពុងរវល់លក់ ជនសង្ស័យបានចូល ទៅកន្លែងទុកលុយ ហើយលួច យកប្រាក់អស់ចំនួន ១ម៉ឺនដុល្លារអាមេរិក ។
ជនសង្ស័យទាំង៣ មានឈ្មោះ ដូចខាងក្រោម៖ ទី១ ឈ្មោះ ហូ ណាវីន អាយុ៣៧ឆ្នាំ ទី២ ឈ្មោះ ផាន់ រត្ន័ អាយុ ៤២ឆ្នាំ និងទី៣ឈ្មោះ ពេត ឃុន អាយុ៣៥ឆ្នាំ និងដកហូតម៉ូតូ បានចំនួន០៣គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួន មកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី និងបន្តតាម រកបក្ខបក្ខពួក ដែលនៅសេសសល់ ៕