(ភ្នំពេញ)៖ សម្រាប់ខែឧសភា ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ១០៦,៩២៨,៥១១រៀល និង១,១២៤,០៤៩ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន៦,០០៣រូប។
ក្នុងចំណោមថវិកាទាំងអស់ សម្រាប់ខែឧសភានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបរិច្ចាគថវិកាប្រចាំឆ្នាំ២០២០ ចំនួន៥០,០០០ដុល្លារអាមេរិក និងកាកបាទក្រហមកម្ពុជា បានប្រគល់វិភាគទានប្រចាំឆ្នាំលើកទី៣ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន១,០០០,០០០ ដុល្លារអាមេរិក។
ក្នុងខែឧសភានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ១,០០០,០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការ ក្នុងការពិនិត្យ និងព្យាបាលកុមារមានជំងឺនៅកម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាទ្រទ្រង់ និងធានា ឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា ទោះបីជាពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវដល់សប្បុរសជនទាំងអស់ រួមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឲ្យចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល ឬ ៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ ឬ ៦០,០០០រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕