(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុងលើព័ត៌មានដែលបានចុះផ្សាយដោយកាសែតព័ត៌មានរបស់វៀតណាមឈ្មោះ Vietnam News ស្តីពីករណីបុរសជនជាតិវៀតណាមម្នាក់ដែលបានចាកចេញពីកម្ពុជា មានផ្ទុកជំងឺកូវីដ១៩។
ករណីនេះក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរនៃខេត្តសៀមរាប បានរុករកស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត និងជាបន្ទាន់ តែមិនមានឈ្មោះជនជាតិវៀតណាម ដូចការចុះផ្សាយនៅក្នុងកាសែតវៀតណាម នៅខេត្តសៀមរាបនោះទេ ហើយការលើកឡើងថា ជនជាតិវៀតណាមរូបនេះរស់នៅខេត្តសៀមរាបមានផ្ទុកជំងឺកូវីដ១៩នោះ ក៏មិនមែនជាការពិតទេ។